សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ថ្ងៃទី ១៣  ខែ ​មករា​ ​ឆ្នាំ២០១២

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១២ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព​មានបើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ

១ -​សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​ ។

២-សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និង​អភិវឌ្ឍ​​តំបន់​ឆ្នេរសមុទ្រកម្ពុជា​ ។

៣-​សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ។

៤-​​បញ្ហា​ផ្សេងៗ ៖

ក្រោយ​ពី​បាន​ស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​​​អនុម័ត​នូវ​៖

I- សេច​ក្តី​ព្រាង​​កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​​​ ៖

ដោយ​​បាន ​​ទទួល​ការ​គាំទ្រ​ និង​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ពី ក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ​ ឧត្តមក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ គណៈ​កម្មាធិការ​​នីតិ​សម្បទានិង​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ផែនការបាន​រៀប​ចំ​ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤​​​នេះ​ឡើង​ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២ របស់​រាជរដ្ឋាភិបាល​ និង​ ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ​(ផ.យ.អ.ជ) បច្ចុប្បន្ន​កម្ម​ ២០០៩-​២០១៣ ដែល​ទទួល​បាន​ការ​អនុ​ម័ត​ពី​​ស្ថាប័ន​នីតិប្បញត្តិ​កាល​​ពី​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០១០​។ ​​ ​

​គោល​បំណង​សំខាន់​នៃ​កម្ម​វិធី​វិនិយោគ​សាធារណៈ​(ក.វ.ស) បីឆ្នាំ​រំកិល​២០១២-២០១៤​ គឺ​ធ្វើ​ការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ​ ដែល​មាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ដើម្បី​ឈាន​ទៅ​សម្រេច​​បាន​​នូវ​ការ​ធ្វើ​ សុខដុម​នីយកម្ម​ ការងារ​ ផែន​ការ​ ចំណាយ​វិនិយោគ​សាធារណៈ​របស់​រដ្ឋ និង ហិរញ្ញប្បទាន​សហ​ប្រតិបត្តិ​ការ​​ និង​ដើម្បី​ពង្រឹង​យន្ត​ការ​ស្ថាប័ន​សម្រាប់​ការងារ​នេះ​ផង​ដែរ។ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​(ផ.ស.ស) ៦-៧% និង​អាទិភាព​នានា​ដែល​គាំទ្រ​ប្រជាជន​ក្រីក្រ​​ និង​ជន​បទ ដូច​ជាការ​អភិវឌ្ឍន៍​​កសិកម្ម​ និង​ជនបទ តាមរយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​និង​ពិពិធកម្ម​​កសិកម្ម​ ដូច​ដែល​បាន​កំណត់​រួច​មក​ហើយ​នៅ​ក្នុង​ យុទ្ធសាស្រ្ត​ចតុកោណ​​ដំណាក់​កាល​ទី​២​ និង ផ.យ.អ.ជ បច្ចុប្បន្នកម្ម​ ២០០៩-​២០១៣ ​នោះ សេច​ក្តី​ព្រាង​​កម្មវិធីវិ​និយោគ​សាធារណៈ បីឆ្នាំរំកិល ២០១២-២០១៤ បាន​ធ្វើ​ការ​វិភាជធន​ធាន​ប្រមាណ​ ៦៥% សម្រាប់​ការ​វិនិយោគ​នៅ​តំបន់​ជនបទ​​។​​ ​​ ​

II-​សេច​ក្តី​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ឆ្នេរសមុទ្រកម្ពុជា ៖​

សេច​ក្តី ​ព្រាង​ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈ​កម្មាធិការជាតិគ្រប់គ្រង​និងអភិវឌ្ឍ​តំបន់​​ ឆ្នេរសមុទ្រកម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ដាក់​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​ លើ​សកល​លោក​ តាម​​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ដែល ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​​ ​នា​ឱកាស​ពិធី​អបអរសាទរ​ការ​ដាក់បញ្ចូល​ឆ្នេរ​សមុទ្រ​​កម្ពុជា​ជា​សមាជិក​ ក្លឹប​ឆ្នេរ​សមុទ្រ​ ដែល​​ស្អាត​បំផុត​​លើ​សកល​លោក​ នៅ​ក្រុង​ព្រះ​សីហនុ​កាល​ពី​​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ​ ២០១១​។​

គណៈ​កម្មាធិការ​​គ្រប់​គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក) ​ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ព្រះ​រាជក្រឹត្យ​នេះ​ នឹង​​ធ្វើ​ជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​នៅ​តំបន់​​ឆ្នេរ​សមុទ្រ​ ដែល​មាន​ឆ្នេរ​សមុទ្រ​ ដីចំណី​ឆ្នេរ​សមុទ្រ តំបន់​រណប កោះ ដៃ​សមុទ្រ ស្ទឹង ព្រែក ផ្លូវ​ទឹក​ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ​ និង​ផ្ទៃ​ទឹក​ដែល​ជាប់​នឹង​ឆ្នេរ​សមុទ្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ ប្រកប​ដោយ​និរន្តរភាព​ និង​ការ​ទទួល​ខុស​ត្រូវ​។​

សមាស​ភាព ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍ​ឆ្នេរ​​សមុទ្រ​កម្ពុជា រួម​​មានៈ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​ប្រធាន​កិត្តិយស​, រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ជា​​ប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ជា​អនុប្រធាន​, រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍​, ​និង​មាន​តំណាង​មក​ពី​​ក្រសួង​ ស្ថាប័ន​ដទៃទៀត​ជា​សមាជិក​។​

សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ​នេះ​មាន​ចំនួន​ ០៦ ជំពូក​ និង ១៤ មាត្រា។​

III​សេច​ក្តី​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ៖

ឆ្នេរ​ សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក ​ កាល​ពី​ថ្ងៃទី ២៥ និង​ទី២៦ ខែ​ឧសភា ឆ្នាំ ២០១១ នៅ​ទីក្រុង​ទូបាគូតា ប្រទេស​សេណេហ្គាល់​ ដោយ​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភព​លោក​ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ជីវៈ​ចម្រុះ​ ភាព​ប្រណី​ត​នៃ​បរិស្ថាន​ធម្មជាតិ​ តម្លៃ​អេកូឡូស៊ី​សេដ្ឋកិច្ច​សង្គម​ វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ ព្រម​ទាំង​ភាព​ទាក់​ទាញ​​ផ្នែក​ទេស​ចរណ៍​។ ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋ​កិច្ច​ ទេសចរណ៍​ និង​កំណើន​ប្រជាជន​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ នៃ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​ទាម​ទារ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ផ្នែក​ រូបវន្ត​​​សមស្រប​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​។

សេច​ក្តី ​ព្រាង​សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ត្រូវ​បាន​​​​រៀប​ចំ​ឡើង​ដោយ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ផ្អែក​លើ​ការ​​ស្រាវ​ជ្រាវ​ឯកសារ​ទាំង​ឡាយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត ​​នៅ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ និង​នៅ​លើពិភពលោក​ និង​មាន​គោលដៅ​គ្រប់​គ្រង​កា​រ​ប្រើប្រាស់​ ថែរក្សា​ការពារ  និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​​បាន​ត្រឹម​ត្រូវ​មាន​ប្រសិទ្ធ​ភាព​និង ​ចីរភាព​ ដើម្បី​ចៀស​វាង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍន៍​មក​លើ​វិស័យ​ ទេសចរណ៍ សេដ្ឋ​កិច្ច​ សង្គម​ បរិស្ថាន វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​។

វិសាល​ ភាព​នៃ​តំបន់​ឆ្នេរ​សមុទ្រ​​កំណត់​ដោយ​សារាចរនេះ​ រួម​មាន​ឆ្នេរ​សមុទ្រ ដីចំណីឆ្នេរ​សមុទ្រ ដីគោក ដីកោះ ដែន​ទឹក និង​ដៃ​សមុទ្រ​ ស្ទឹង​ ព្រែក​ ផ្លូវ​ទឹក​តភ្ជាប់​នឹង​ផ្ទៃ​សមុទ្រ​ ដែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​នៃ​​ខេត្ត​ទាំង​៤ (កោះកុង ព្រះសីហនុ កំពត កែប​)​។ ​

សារាចរណែនាំ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែល​​ទទួល​បាន​ការ​អនុម័ត​ពី​អង្គប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្រ្តី​ មិន​មាន​ប្រតិសកម្ម​ក្នុង​ការ​អនុវត្ត​ ក៏​ដូច​ជា​មិន​មានផល​ប៉ះពាល់​ជា​មួយ​​​​​អនុ​សញ្ញា​ ម៉ុង​តេណេក្រូ ឆ្នាំ ១៩៨២ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ​។​

IV​បញ្ហា​ផ្សេងៗ ៖

យោង​តាម​សំណើ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន ​មាន​ប្រសាសន៍​កំណត់​ថា ការ​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ត្រី​ទឹក​សាប​​ពី​កម្ពុជា​នៅ​តែ​បន្ត​អនុវត្ត​ជា​ ធម្មតា​ លើក​លែង​តែ​មាន​ការ​ណែ​នាំ​ជា​ថ្មីទៀត​​។​

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១១ និង ៣០ នាទី។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែ​​ មករា​ ឆ្នាំ២០១២

01132012DC-OCM

ប្រភព http://www.pressocm.gov.kh

About NobVeasna

I am a student of International Economics at National Economic University, Hanoi, Vietnam
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s